តើ​កូន​ប្រុស​ស្រី​គប្បី​គោរព​ឪពុក​ម្តាយ​យ៉ាងណា?

តើ​កូន​ប្រុស​កូន​ស្រី​គប្បី​គោរព​ឪពុក​ម្តាយ​យ៉ាងណា?

ដោយ សារី រ័ត្ន

(១០ កុម្ភៈ ២០០៨)

កាលពី​សប្តាហ៍​មុន​លោក​អ្នក​បាន​ជ្រាប​ពី​សេចក្តី​សង្គ្រោះ ៥​យ៉ាង និង​ព្រហ្មវិហារ​ធម៌ ៤​ប្រការ ដែល​ឪពុក​ម្តាយ​គប្បី​មាន​ចំពោះ​កូន​ប្រុស​កូន​ស្រី។ ទន្ទឹម​នឹង​សីលធម៌​ទាំង ៩​ប្រការ​នេះ មាតា​បិតា​ក៏​ត្រូវ​មាន​ឥរិយាបថ កាយវាចា​ចិត្ត ជា​គំរូ​ដ៏​ល្អ​សម្រាប់​បុត្រ​ធីតា​ឲ្យ​យក​តម្រាប់​តាម ដូចជា​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ចែង​ថា “ផ្លែ​ឈើ​មិន​ដែល​ជ្រុះ​ឆ្ងាយ​ពី​គល់​ជាដើម”។


ប្រភពពីៈ វិទ្យុអាស៊ីសេរី​

 

ព្រះតេជ​ព្រះគុណ​វរជិរគន្តោ សម ស៊ីណាន ប្រធាន​មជ្ឈមណ្ឌល​អប់រំ សីលធម៌​ព្រះពុទ្ធ​សាសនា​នៅ​ទីក្រុង​ភ្នំពេញ មាន​ថេរដីកា​លើក​ឡើង​ថា ចំណែក​កូន​ប្រុស​កូន​ស្រី​ក៏​គប្បី​ត្រូវ​ប្រកាន់​ឥរិយាបថ​ដ៏​ប្រពៃ និង​វាចា​ទន់ភ្លន់​ដោយ​គារវៈ​ចំពោះ​ឪពុក​ម្តាយ​ជានិច្ច។ គារវៈ​បាន​ន័យ​ថា​ការ​គោរព ៖ «អ៊ីចឹង​ការគោរព​ចំពោះ​មាតា​បិតា​មាន​បី​សណ្ឋាន គោរព​ដោយ​កាយ ដោយ​វាចា និង​ដោយ​ចិត្ត»។

ព្រះអង្គ​មាន​ថេរដីកា​ថា កូន​ចៅ​ត្រូវ​មាន​កាយ​ទន់ភ្លន់ ឱន​លំទោន​នៅ​ពេល​ដែល​ជួប​មាតា​បិតា។ គប្បី​ធ្វើការ​ផ្គត់ផ្គង់​បាយ​ទឹក​នំ​ចំណី រៀបចំ​ទី​ដេក​អង្គុយ ជូន​មាតា​បិតា​ឲ្យ​បាន​សមរម្យ ដូចជា​ជួយ​បោស​សម្អាត បោក​គក់​មុង​កន្ទេល ភួយ សម្លៀក​បំពាក់ ជូន​លោក​អ្នក​ទាំង​ពីរ​នោះ។ ដូច​ព្រះថេរដីកា​របស់​ព្រះតេជ​ព្រះគុណ សម ស៊ីណាន នេះ​ដែរ លោក សុង ស៊ីវ បាន​សរសេរ​ត្រង់​ទំព័រ​ទី​៧០ ថា ជាពិសេស​កូន​ខ្លះ​មិន​សូវ​មាន​ចិត្ត​ជ្រះ​ថ្លា លើក​ដៃ​សំពះ ឬ​គក់​ច្របាច់​ឪពុក​ម្តាយ​ទេ តែ​បើ​ចំពោះ​អ្នក​ដទៃ​វិញ ដែល​គ្រាន់​តែ​ស្គាល់​គេ​នោះ អាច​លើក​ដៃ​សំពះ​​គំនាប់​គាប់​គួរ​ដោយ​ទឹក​មុខ​ញញឹម។ កូន​គួរ​គប្បី​ចេះ​ជម្រាប​សួរ ឬជម្រាប​លា​ឪពុក​ម្តាយ​នៅ​ពេល​មុន​នឹង​ចេញ​ទៅ​ណា ឬ​ពេល​ត្រឡប់​មក​វិញ។ចំណែក​លោក​អ្នក​ជា​ឪពុក​ម្តាយ​វិញ គួរ​រក​ពាក្យ​តប​ទៅ​កូន​វិញ​ឲ្យ​បាន​សមរម្យ​ដែរ ។

ព្រះតេជ​ព្រះគុណ សម ស៊ីណាន មាន​ថេរដីកា​ដូច្នេះ ៖ «ដើរ​ទៅ​ណា​មក​ណា​ប្រពៃណី​យើង​លើក​ដៃ​សំពះ។ អ្នក​ខ្លះ​ថ្វាយបង្គំ​ទៀត អាត្មា​ឃើញ​គ្រួសារ​ខ្លះ​គេ​រៀប​ចេញ​ទៅ​ណា​អ៊ីចឹង គេ​ថ្វាយ​បង្គំ​ឪពុក​ម្តាយ​គេ ហើយ​បើ​ទៅ​កាន់​តែ​ឆ្ងាយ គេ​ថ្វាយ​បង្គំ​ឪពុក​ម្តាយ​គេ ហើយ​គេ​ខ្លាច​មាន​បញ្ហា​គ្រោះថ្នាក់ អ៊ីចឹង​ទៅ​គេ​ថ្វាយបង្គំ​ឪពុក​ម្តាយ​គេ។ គេ​ថ្វាយ​បង្គំ​ឪពុក​ម្តាយ​គេ​ដូច​ជា​ថ្វាយបង្គំ​លោកសង្ឃ​អ៊ីចឹង។បើ​មិន​ថ្វាយ​បង្គំ​ទេ គេ​សំពះ​លា​ម៉ាក់​អើ្ហយ ប៉ា​អ្ហើយ​កូនជម្រាប​លា​ទៅ​សាលា កូន​ជម្រាប​លា​ទៅ​ធ្វើ​ការ ហ្នឹង​គោរព​ដោយ​កាយ»។

ព្រះភិក្ខុ​វរជិរគន្តោ សម ស៊ីណាន មាន​ថេរដីកា​បង្ហាញ​ពី​កំហុស​របស់​កូន​ចៅ​ខ្លះ​ៗ​ចំពោះ​កាយ​វិការ​មិន​គប្បី​ចំពោះ​ឪពុក​ម្តាយ ដូច​ជា៖ «បើ​អង្គុយ​ទល់​មុខ ត្រូវ​អង្គុយ​បត់​ជើង។ ការអង្គុយ​ក៏អ៊ីចឹង​ដែរ ត្រូវ​ប្រយ័ត្ន​កូន​ចៅ កុំ​អង្គុយ ម្តាយ​អង្គុយ​នៅ​លើ​កន្ទេល និង​ឥដ្ឋ ឯង​ទៅ​អង្គុយ​ចំទែង​លើ​កៅអី លើ​ពូក​ហ្នឹង​អត់​ល្អ​ទេ។ ធ្វើ​ម៉េច​ឲ្យ​ទាប​ជាង​គាត់​រហូត គឺ​គិត​អំពី​សេនាសនៈ​ហ្នឹង​ផ្តល់​តម្លៃ​សុជីវធម៌​ក្នុង​ការ​រស់​នៅ បើ​ថា​កន្លែង​សំរាន្ត​របស់​គាត់​រៀបចំ​ឲ្យ​ខ្ពស់​ជាង​យើង។ ទោះជា​កូន​មាន​ឋានៈ​ប៉ុន​មេឃ​ក៏ដោយ ក៏​ត្រូវ​ឲ្យ​តម្លៃ​មាតា​បិតា។ ធម្មតា​បើ​យើង​គោរព​មាតា​បិតា​មិន​ត្រឹមតែ​មាតា​បិតា​ឲ្យ​តម្លៃ​យើង​ទេ មនុស្ស​ទូទៅ​ក្នុង​សង្គម​ទូទៅ ដោយ​ហោច​ទៅ​កូន​ចៅ​យ��
�ង​គេ​ឃើញ​យើង​ក៏​គេ​គោរព​ទៅ​តាម​ហ្នឹង​ដែរ បើ​យើង​ធ្វើ​មិន​ល្អ​ចំពោះ​ឪពុក​ម្តាយ កូន​ចៅ​វា​នឹង​ធ្វើ​តាម​យើង​ដែរ»។

ចំពោះ​ការប្រើ​ពាក្យ​សម្ដី​ទៀតសោត​ព្រះតេជ​ព្រះគុណ មាន​ថេរដីកា​ថា កូន​ប្រុស​ស្រី គប្បី​ប្រើ​ពាក្យ​សម្ដី​ទន់ភ្លន់ ប្រកប​ដោយ​សេចក្តី​គោរព​ជានិច្ច​ជា​ទូទៅ កូន​ត្រូវ​ស្រឡាញ់ និង​គោរព​ស្តាប់​បង្គាប់​ឪពុក​ម្តាយ ៖ «អាត្មា​ឃើញ​គ្រួសារ​ខ្លះ​គាត់​អប់រំ​អ៊ីចេះ ក្នុង​ពាក្យ​សម្ដី​ហ្នឹង​គាត់​ទម្លាប់​និយាយ​ខ្លួន​គាត់​ឲ្យ​ផ្អែម​ទៅ កូន​ពី​តូច​ហ្នឹង​វា​យក​តាម។ ផ្អែម​នៅ​ក្នុង​ឱកាស​នេះ បាន​ន័យ​ថា​វា​ចា​សម្ដិ​ដ៏​ល្អ ហើយ​ដល់​កាយ​វា​ចា​ចិត្ត​យើង​រៀន​ធ្វើ​ឲ្យ​ល្អ។ យើង​គោរព​បន្ត​គ្នា​អីចឹង​ទៅ។ យើង​គោរព​ម៉ែ​ឪ កូន​វា​ឃើញ​វា​ធ្វើ​តាម​យើង​អ៊ីចឹង​ទៅ ដោយ​អាការៈ​ផ្សេង​ៗ កុំ​ច្រងេង​ច្រងាង ទ្រគោះ​បោះបោក មិន​ល្អ​ទេ​កូន។ សង្គម​គ្រួសារ​ណា​គោរព​ដោយ​កាយ​ល្អ វា​គោរព​អ៊ីចឹង​ដែរ កាល​ណា​យើង​គោរព​ដោយ​កាយ​មិន​ល្អ វា​ធ្វើ​អ៊ីចឹង​ដែរ»។

ព្រះអង្គ​លើក​រឿង​ដំណាល​ថា មាន​គ្រួសារ​មួយ​មាន​ឪពុក​ចាស់​ជរា​ម្នាក់​រស់​នៅ​ជាមួយ ហើយ​បុរស​នោះ​ក៏​មាន​កូន​ប្រុស​ម្នាក់​ដែរ។ ថ្ងៃ​មួយ​បុរស​នោះ​បាន​យក​ឈើ​ដើម​គ​មក​ចាំង​ធ្វើ​ជា​ស្នូក ហើយ​នៅ​ពេល​ដែល​គាត់​កំពុង​ចាំង​ធ្វើ​ស្នូក​នោះ កូន​តូច​បុរស​នោះ​បាន​សួរ​ឪពុក​វា​ថា ៖ «ពុកៗៗ​ពុក​ឯង​ធ្វើ​អី? ពុកចាំងស្នូក ។ ចាំង​ស្នូក​ទុក​ដាក់​បាយ​ឲ្យ​តា​ឯង​ពិសាហ្នឹង ។ ដល់​ថ្ងៃ​ក្រោយ​កូន​ប្រុស​បុរស​នោះ​ក៏​ធ្វើ​ស្នូក​ដូច​ឪពុក​គេ​ដែរ។ កូន​នោះ​ក៏ឆ្លើយ​ប្រាប់​ឪពុក​វិញ​ថា ខ្លួន​ធ្វើ​ស្នូក​សម្រាប់​ដាក់​បាយ​ឲ្យ​ឪពុក​ឯង​ពិសា​ដល់​ពេល​ពុក​ឯង​ចាស់​ដូច​តា»។

ព្រះអង្គ​បាន​លើក​ឧទាហរណ៍​មក​បង្ហាញ​ទៀត អំពី​ការប្រព្រឹត្ត​របស់​កូន​ចំពោះ​ឪពុក​ម្តាយ​ដែល​មិន​បាន​អប់រំ​កូន​ចៅ​ពី​ភាព​គួរសម​ក្នុង​ការនិយាយ​ស្តី ជាពិសេស​ជាមួយ​មាតា​បិតា​ខ្លួន ដោយ​គិត​ថា អ្នក​ទាំង​នោះ​ចាស់​ហើយ ហើយ​មក​ជ្រក​កោន​ជាមួយ​ខ្លួន ៖ «គឺ​បើ​ទម្លាប់​ហៅ​ម៉ាក់ ហៅ​ប៉ា ក៏​ហៅ​អ៊ីចឹង​ទៅ ខ្លះ​ហៅ​ពុក​ហៅ​ម៉ែ ខ្លះ​ហៅ​តាម​សមគួរ​នៃ​ការហៅ។ ប៉ុន្តែ​សម្ដី​គឺ​មិន​ឲ្យ​ប្រើ​ពាក្យ​ទ្រគោះ​បោះបោក​ចំពោះ​មាតា​បិតា​ទេ ដោយ​អាការៈ​ផ្សេង​ៗ​សម្ដី​ហ្នឹង​មិន​ដឹង​ចេញ​មក​ពីណា អ៊ីចឹង​សម្ដី​អី​ក៏ដោយ សម្ដី​ត្រូវ​ទន់ភ្លន់ ផ្អែម​ល្ហែម​ទៅ​រក​មាតា​បិតា ដែល​គាត់​ធ្លាប់​ទន់ភ្លន់​ជាមួយ​យើង ទោះបីជា​គាត់​ថា​ម៉េច​ក៏ដោយ។ យើង​ត្រូវ​អត់ធ្មត់​ក្នុង​ការ​និយាយ យ៉ាង​ម៉េច​គឺ​ត្រូវ​គោរព​ការ​និយាយ គោរព​រហូត​ចំពោះ​មាតា​បិតា។ ម៉ែ​គេ​ប្រើ​កូន​ឲ្យ​ទៅ​ហៅ​តា​មក​ពិសា​បាយ “តាៗ ម៉ាក់​ហៅ​ស៊ី​បាយ” ដល់​គេ​យក​បាយ​ឲ្យ​ឆ្មា​ស៊ី នែ​ម៉េវ ញ៉ាំ​បាយ​ទៅ​ម៉េវ និយាយ​ជាមួយ​ឆ្មា​សុទ្ធ​តែ​ញ៉ាំ ហៅ​តា​សុទ្ធ​តែ​ស៊ី»។

ព្រះភិក្ខុ សម ស៊ីណាន បាន​មាន​ថេរដីកា​ថា គោរព​ដោយ​ទឹក​ចិត្ត រាល់​រូប​ជា​មាតា​បិតា​ត្រូវ​អប់រំ​កូន ឲ្យ​ចេះ​រៀន​និយាយ​ពាក្យ​សម្ដី​ណា​ត្រូវ​និយាយ​ជាមួយ​អ្នក​ធំ ពាក្យ​សម្ដី​ណា​គួរ​និយាយ​ជាមួយ​អ្នក​តូច ពាក្យ​សម្ដី​ណា​គួរ​និយាយ​ជាមួយ​មាតា​បិតា ជាមួយ​ចាស់​ព្រឹទ្ធាចារ្យ ៖ «គេ​និយាយ​ថា គោរព​ទៅ​តាម​វ័យ គោរព​ទៅ​តាម​ឋានៈ គោរព​ទៅ​តាម​គុណធម៌។ អ៊ីចឹង​យើង​រាល់​រូប បុត្រ​ធីតា​ក៏​អ៊ីចឹង​ដែរ ពាក្យ​សម្ដី​ហ្នឹង ទឹក​ចិត្ត​ទៀត ដោយ​ចិត្ត​ហ្នឹង​គេ​មិន​អាច​ស្ទង់​ទឹក​ចិត្ត​បាន​មែន តែ​គេ​មើល​តាម​អាការៈ​ដឹង ព្រោះ​ចិត្ត​ជា​ធំ​ជា​អ្នក​បញ្ជា​កាយ​វាចា។ អ៊ីចឹង​អ្នក​ណា​គោរព​ដោយ​សុទ្ធចិត្ត​និង​មិន​សុទ្ធចិត្ត គេ​មើល​អាការៈ​ខាង​ក្រៅ​
បាន ដែល​យើង​ធ្លាប់​ថា អ្នក​នេះ​ធ្វើ​ហ្នឹង​គ្រាន់​តែ​ខាង​ក្រៅ​ទេ តែ​ចិត្ត​មិន​ល្អ»។

នៅ​ក្នុង​សៀវភៅ​សុជីវធម៌​ប្រចាំ​សង្គម​គ្រួសារ​របស់​លោក សុង ស៊ីវ ត្រង់​ទំព័រ ៦៩ បាន​សរសេរ​ថា ៖ មាតា​បិតា​មិន​គួរ​ចែក​ទ្រព្យ​ឲ្យ​កូន​ទាល់​តែ​អស់​រលីង​ពី​ខ្លួន ហើយ​ទៅ​រស់​ដោយ​សង្ឃឹម​ទាំង​ស្រុង​នៅ​ជាមួយ​កូន​ឲ្យ​គេ​ចិញ្ចឹម​នោះ​ទេ។ ឪពុក​ម្តាយ​គប្បី​រំលែក​ទ្រព្យ​សម្បត្តិ​ទុក​ខ្លះ សម្រាប់​ចិញ្ចឹម​ជីវិត​បាន​ដរាប​ដល់​ខ្លួន​ស្លាប់។ ចំណែក​កូន​ប្រុស​កូន​ស្រី​ក៏​គប្បី​ត្រូវ​ស្គាល់​ឋានៈ​ខ្លួន​ជា​កូន​ថា អាត្មា​អញ​គឺ​មាតា​បិតាបាន​​បង្កើត​មក​ ហើយ​​​ថែ​រក្សា ព្រួយ​លំបាក​ទាំង​យប់​ទាំង​ថ្ងៃ កូន​ត្រូវ​ថែរក្សា​ចិញ្ចឹម​ថែ​ឪពុក​ម្តាយ​វិញ៕

[ សូមស្តាប់សំលេងពិស្តារពីវិទ្យុអាស៊ីសេរី ]

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: